ព្រះត្រៃបិដក ភាគ ២០

ឆ្អឹង​ក​ទៅ​ដោយឡែក​ ​ឆ្អឹង​ចង្កា​ទៅ​ដោយឡែក​ ​ឆ្អឹង​ធ្មេញ​ទៅ​ដោយឡែក​ ​រលា​ក្បាល​ទៅ​ដោយឡែក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​សម្បុរ​ល្អ​សមរម្យ​ណា​ ​ក្នុង​កាលពីមុន​ ​សម្បុរ​ល្អ​សមរម្យ​នោះ​ ​ក៏​អន្តរធាន​បាត់​ទៅ​ ​ទោស​ក៏​កើតឡើង​ប្រាកដ​មែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះសយម្ភូ​ញាណ​ ​ទ្រង់​មាន​ព្រះពុទ្ធ​តម្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហើយដែល​ហៅថា​ ​ទោស​របស់​រូប​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយ​យ៉ាង​ទៀត​ ​ភិក្ខុ​គប្បី​មើល​បងប្អូន​ស្រី​នោះ​ឯង​ ​ដែលគេ​យក​សរីរៈ​ទៅ​ចោល​ក្នុង​ព្រៃស្មសាន​ ​សល់​នៅតែ​រាង​ឆ្អឹង​ទទេ​ ​មាន​សម្បុរស​ ​ប្រៀប​ដូច​ពណ៌​នៃ​ស័ង្ខ​។​បេ​។​ ​សល់​នៅតែ​ឆ្អឹង​ទទេ​ ​រោយរាយ​នៅ​ជា​ពំនូក​ៗ​ ​កន្លងទៅ​យូរឆ្នាំហើយ​។​បេ​។​ ​សល់​នៅតែ​ឆ្អឹង​ទទេ​ ​ពុក​ផុយ​ ​ខ្ទេចខ្ទី​ ​ជា​កំទេច​តូច​ ​កំទេច​ធំ​ផ្សេង​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​សម្បុរ​ល្អ​សមរម្យ​ណា​ ​ក្នុង​កាលពីមុន​ ​សម្បុរ​ល្អ​នោះ​ ​ក៏​អន្តរធាន​បាត់​ទៅ​ ​ទោស​ក៏​កើត​ប្រាកដ​ឡើង​មែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហើយដែល​ហៅថា​ ​ទោស​របស់​រូប​ទាំងឡាយ​។
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636821479835535169
ទៅកាន់ទំព័រ៖