ព្រះត្រៃបិដក ភាគ ២០
ពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹមសេចក្តីមិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានតែសតិដ៏បរិសុទ្ធ ព្រោះឧបេក្ខា ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង ព្រោះរលត់ទៅនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុ។បេ។ ព្រោះលះបង់នូវសុខផង ក្នុងសម័យនោះ ភិក្ខុនោះឯង មិនបានគិតដើម្បីបៀតបៀនខ្លួនផង មិនបានគិតដើម្បីបៀតបៀនបុគ្គលដទៃផង មិនបានគិតដើម្បីបៀតបៀនបុគ្គលទាំង២ពួក គឺខ្លួន និងបុគ្គលដទៃផង ក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា ទទួលនូវវេទនា ដែលមិនមានសេចក្តីព្យាបាទ តែមួយយ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតតែងពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹមសេចក្តីមិនព្យាបាទ។
[២០៦] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោស របស់វេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលវេទនាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលទៅជាធម្មតា នេះឯង ជាទោសរបស់វេទនាទាំងឡាយ។
ID: 636821480893245667
ទៅកាន់ទំព័រ៖