ព្រះត្រៃបិដក ភាគ ២០
ចេតោខីលសូត្រ ទី៦
[២២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[២២៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មិនបានលះបង់ នូវបង្គោលរបស់ចិត្តទាំង៥ប្រការ និងមិនបានផ្តាច់បង់ នូវចំណងរបស់ចិត្តទាំង៥ប្រការហើយ ភិក្ខុនោះឯង នឹងដល់នូវសេចក្តីចំរើន លូតលាស់ ដុះដាលក្នុងធម្មវិន័យនេះ ដូច្នេះ នេះមិនមែនជាឋានៈទេ។
[២២៨] បង្គោលរបស់ចិត្តទាំង៥ប្រការ ដែលភិក្ខុនោះមិនបានលះបង់ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យមិនដាច់ស្រេច មិនជឿស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្តា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា សង្ស័យមិនដាច់ស្រេច មិនជឿស៊ប់
ID: 636821501681434683
ទៅកាន់ទំព័រ៖