ព្រះត្រៃបិដក ភាគ ២០

លុះ​ ​ទណ្ឌ​បាណិ​សក្យៈ​ ​ឈរ​នៅក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​សមណៈ​ជា​អ្នក​ប្រកាន់​នូវ​ទិដ្ឋិ​ដូចម្តេច​ ​តែង​ពោល​នូវ​ទិដ្ឋិ​ដូចម្តេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​ក្នុង​លោក​ ​(​នេះ​)​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​មាន​បុគ្គល​អ្នក​ប្រកាន់ទិដ្ឋិ​យ៉ាងណា​ ​ដែល​មិន​មាន​ជម្លោះ​ទាស់ទែង​ដោយ​បុគ្គល​ណាមួយ​ក្នុង​លោក​ ​មួយទៀត​ ​កិលេស​សញ្ញា​ទាំងឡាយ​ ​មិនបាន​ជាប់​តាម​នូវ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​ដែល​ជា​អ្នក​ប្រាសចាក​កាម​ទាំងឡាយ​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​ផ្តាច់​បង់​នូវ​សេចក្តី​ស្តាយក្រោយ​ ​និង​ការ​រពឹសដៃ​ជើង​ ​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​ក្នុង​ភព​តូច​ ​និង​ភព​ធំ​យ៉ាងណា​ ​ម្នាល​អាវុសោ​ ​តថាគត​ ​ក៏​ប្រកាន់ទិដ្ឋិ​យ៉ាងនោះ​ ​ពោល​ទិដ្ឋិ​យ៉ាងនោះ​ដែរ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ទើប​ទណ្ឌ​បាណិ​សក្យៈ​ងក់ក្បាល​ ​លៀន​អណ្តាត​ ​ហើយ​ដាក់​ម្រាមដៃ​លើ​ថ្ងាស​ដែល​មាន​ផ្នត់​បី​ ​ក្រោក​ឡើង​កាន់​ឈើច្រត់​ ​ចៀសចេញ​ទៅ​។​
 [​២៤៤​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​និគ្រោធារាម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។
ថយ | ទំព័រទី ៤០៨ | បន្ទាប់
ID: 636821511559759691
ទៅកាន់ទំព័រ៖