ព្រះត្រៃបិដក ភាគ ២០
លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យនេះ ចូលទៅក្រុងកបិលវត្ថុ ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងកបិលវត្ថុហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាបច្ឆាភត្ត ក៏សំដៅទៅព្រៃមហាវ័ន ចូលទៅកាន់ព្រៃមហាវ័ន ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ទៀបគល់នៃភ្នៅសាវ។ ម្នាលភិក្ខុទាំងឡាយ ទណ្ឌបាណិសក្យៈ ដើរទៅ ដើរមកឲ្យស្រួលជើង ក៏ដើរសំដៅមកព្រៃមហាវ័ន លុះចូលមកកាន់ព្រៃមហាវ័នហើយ ក៏បានចូលមករកតថាគត ដែលអង្គុយទៀបដើមភ្នៅសាវ លុះចូលមកដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើដោយតថាគត លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏ច្រត់ចុះនូវដំបង ឈរ (ស្ទប់ចង្កា) នៅក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទណ្ឌបាណិសក្យៈ ឈរក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងតថាគតថា សមណៈប្រកាន់ទិដ្ឋិដូចម្តេច ពោលទិដ្ឋិដូចម្តេច កាលបើទណ្ឌបាណិសក្យៈសួរយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏ពោលពាក្យនេះ នឹងទណ្ឌបាណិសក្យៈថា ម្នាលអាវុសោ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង
ID: 636821513075966413
ទៅកាន់ទំព័រ៖