ព្រះត្រៃបិដក ភាគ ២០
សមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មានបុគ្គលប្រកាន់យ៉ាងណា ដែលមិនមានជម្លោះទាស់ទែងដោយបុគ្គលណាមួយក្នុងលោក មួយទៀត កិលេសសញ្ញាទាំងឡាយ មិនបានជាប់តាម នូវខីណាសវព្រាហ្មណ៍នោះ ដែលប្រាសចាកកាមទាំងឡាយ មិនមានសេចក្តីងឿងឆ្ងល់ ផ្តាច់បង់នូវសេចក្តីស្តាយក្រោយ និងការរពឹសដៃជើង ប្រាសចាកសេចក្តីប្រាថ្នា ក្នុងភពតូច និងភពធំយ៉ាងណា ម្នាលអាវុសោ តថាគត ក៏ប្រកាន់ទិដ្ឋិយ៉ាងនោះ ពោលទិដ្ឋិយ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើតថាគត ពោលយ៉ាងនេះហើយ ទណ្ឌបាណិសក្យៈ ងក់ក្បាល លៀនអណ្តាត ហើយដាក់ម្រាមដៃលើថ្ងាស ដែលមានផ្នត់បី ហើយក្រោកឡើង កាន់ដំបងចេញទៅ។
[២៤៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មានភិក្ខុ១រូប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ព្រះមានព្រះភាគ ប្រកាន់ទិដ្ឋិដូចម្តេច ដែលមិនមានជម្លោះទាស់ទែងដោយបុគ្គលណាមួយក្នុងលោក បពិត្រព្រះអង្គដ៏ចំរើន
ID: 636821513376753617
ទៅកាន់ទំព័រ៖