ព្រះត្រៃបិដក ភាគ ២០
នូវសេចក្តីនៃឧទ្ទេសនេះ នឹងព្រះមានព្រះភាគចុះ (បើ) ព្រះមានព្រះភាគនៃយើង ទ្រង់សំដែងយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវឧទ្ទេសនោះដូច្នោះ។ ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញដោយពិតណាស់ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌មិនវិបរិតកើតហើយ ព្រះអង្គជាបុរសដ៏ប្រសើរ ព្រះអង្គជាអ្នកពោលនូវធម៌ ជាអ្នកប្រាប់នូវធម៌ អ្នកបង្អោនមកនូវប្រយោជន៍ អ្នកឲ្យនូវសេចក្តីប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ឈ្មោះអមតៈ ជាម្ចាស់នៃធម៌ កាលនេះជាកាលគួរ ដល់ព្រះតថាគតនុ៎ះហើយ យើងទាំងឡាយ គប្បីសាកសួរនូវសេចក្តី នៃឧទ្ទេសនេះ នឹងព្រះមានព្រះភាគចុះ (បើ) ព្រះមានព្រះភាគ នៃយើងទ្រង់សំដែងយ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវឧទ្ទេសនោះដូច្នោះ ក៏មែនពិតហើយ ប៉ុន្តែមហាកច្ចានៈដ៏មានអាយុ ព្រះសាស្តាទ្រង់សរសើរ ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញាក៏សរសើរដែរ មហាកច្ចានៈដ៏មានអាយុនេះ អាចចែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ សំដែងដោយបំប្រួញ មិនទាន់ចែកអត្ថឲ្យពិស្តារនេះ ឲ្យពិស្តារទៅបាន សូមមហាកច្ចានៈដ៏មានអាយុកុំបង្អែបង្អង់ មេត្តាចែក (សេចក្តីឲ្យទាន)។
ID: 636821517380592624
ទៅកាន់ទំព័រ៖