ព្រះត្រៃបិដក ភាគ ២០
ទ្វេធាវិតក្កសូត្រ ទី៩
[២៥១] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ឆ្លើយតបពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[២៥២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ ក្នុងកាលមុន អំពីការត្រាស់ដឹង មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ត្រូវធ្វើវិតក្កៈ ឲ្យជាចំណែកពីរៗ ម្នាលភិក្ខុទាំងឡាយ (លុះត្រិះរិះដូច្នេះហើយ) តថាគតនោះឯង ក៏ធ្វើនូវកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសវិតក្កៈនេះ ឲ្យជាចំណែកទី១ ធ្វើនូវនេក្ខម្មវិតក្កៈ អព្យាបាទវិតក្កៈ និងអវិហឹសាវិតក្កៈនេះ ឲ្យជាចំណែកទី២។ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតនោះ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតនូវកិលេស មានចិត្តបញ្ជូនទៅ យ៉ាងនេះហើយ កាមវិតក្កៈនោះកើតឡើង តថាគត ដឹងច្បាស់យ៉ាងនេះថា កាមវិតក្កៈនេះ កើតឡើងដល់តថាគតហើយ
ID: 636821520990659108
ទៅកាន់ទំព័រ៖