ព្រះត្រៃបិដក ភាគ ២០
ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ (ប្រាជ្ញាដែលជ្រាបច្បាស់ នូវកិរិយាអស់ទៅ នៃអាសវធម៌ទាំងឡាយ) តថាគតនោះ ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យដល់នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះ ជាអាសវៈ ដឹងប្រាកដតាមពិតថា ធម៌នេះ ជាហេតុនាំឲ្យកើតអាវសៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរលត់នៃអាសវៈ កាលដែលតថាគតដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តតថាគត ក៏ផុតស្រឡះ ចាកកាមាសវៈ (គ្រឿងត្រាំ គឺកាម)ផង ផុតស្រឡះ ចាកភវាសវៈ (គ្រឿងត្រាំ គឺភព)ផង ផុតស្រឡះ ចាកអវិជ្ជាសវៈ (គ្រឿងត្រាំ គឺអវិជ្ជា)ផង កាលបើចិត្តតថាគតផុតស្រឡះ (ចាកអាសវធម៌)ហើយ ប្រាជ្ញាក៏កើតប្រាកដថា អាត្មាអញ ផុតស្រឡះ (ចាកអាសវធម៌)ហើយ តថាគតដឹងច្បាស់ថា កំណើត (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់
ID: 636821523944038032
ទៅកាន់ទំព័រ៖