ព្រះត្រៃបិដក ភាគ ២០
វិតក្កសណ្ឋានសូត្រ ទី១០
[២៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[២៥៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបរឿយៗ នូវអធិចិត្ត គឺសមាបត្តិ៨ ហើយគប្បីធ្វើទុកក្នុងចិត្ត នូវហេតុទាំង៥ប្រការ សព្វៗកាល។ ហេតុទាំង៥គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អាស្រ័យនូវហេតុណា ធ្វើទុកក្នុងចិត្ត នូវហេតុណា អកុសលវិតក្កៈដ៏លាមកទាំងឡាយ ដែលប្រកបដោយឆន្ទៈ គឺលោភៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ តែងកើតឡើងដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចេញចាកហេតុនោះ ហើយធ្វើទុកក្នុងចិត្ត នូវហេតុដទៃដែលប្រកបដោយកុសលវិតក្កៈវិញ កាលបើភិក្ខុនោះ ចេញចាកហេតុនោះ ហើយធ្វើទុកក្នុងចិត្ត នូវហេតុដទៃ ដែលប្រកបដោយកុសលវិតក្កៈ អកុសលវិតក្កៈដ៏លាមកទាំងឡាយណា ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ
ID: 636821525555480201
ទៅកាន់ទំព័រ៖