ព្រះត្រៃបិដក ភាគ ២០
សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញសេចក្តីប្រាថ្នាតិចនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤១] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកខ្ជិល
(១) ច្រអូស មិនមានព្យាយាម
(២) សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តីខ្ជិលច្រអូស និងគ្មានព្យាយាមនោះឯង។ ឯតថាគត នឹងជាអ្នកខ្ជិលច្រអូស មិនមានព្យាយាម សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានព្យាយាមប្រារព្ធហើយ។ ព្រះអរិយៈទាំងឡាយណា ដែលមានព្យាយាមប្រារព្ធហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវសេចក្តីព្យាយាម ដែលប្រារព្ធហើយនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
(១) ត្រង់ដែលថា ខ្ជិល បានដល់បុគ្គល ដែលមិនប្រកបព្យាយាមក្នុងផ្លូវកាយ។ (២) ត្រង់ដែលថា មិនព្យាយាម បានដល់បុគ្គល ដែលមិនប្រកបព្យាយាមក្នុងផ្លូវចិត្ត។
ID: 636821251717147544
ទៅកាន់ទំព័រ៖