ព្រះត្រៃបិដក ភាគ ២០
តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានចិត្តមិនតំកល់មាំ និងចិត្តវិលវល់នោះឯង។ ឯតថាគត នឹងមានចិត្តមិនតំកល់មាំ មានចិត្តវិលវល់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានសមាធិបរិបូណ៌។ ព្រះអរិយៈទាំងឡាយណា ដែលមានសមាធិបរិបូណ៌ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញសមាធិសម្បទានុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤៤] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកអប្បឥតប្រាជ្ញា ល្ងង់លេលា សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលអប្បឥតប្រាជ្ញា ល្ងង់លេលានោះឯង។
ID: 636821252270159174
ទៅកាន់ទំព័រ៖