ព្រះត្រៃបិដក ភាគ ២០
វិជ្ជាទី២ នេះឯងហើយ ដែលតថាគត បានត្រាស់ដឹង ក្នុងយាមជាកណ្តាលនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹង ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី២ នុ៎ះដូច្នោះដែរ។
[៥០] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅក្នុង អាសវក្ខយញ្ញាណ (ញាណជាហេតុឲ្យបានអស់ទៅនូវអាសវៈ)។ តថាគត ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យដល់ នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះ ជាអាសវៈ ដឹងប្រាកដតាមពិតថា ធម៌នេះ ជាហេតុនាំឲ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យបានដល់នូវសេចក្តីរលត់នៃអាសវៈ។ កាលដែលតថាគត ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ
ID: 636821254850306750
ទៅកាន់ទំព័រ៖