ព្រះត្រៃបិដក ភាគ ២០
បុគ្គលពួកមួយទៀត ក្នុងលោកនេះ មិនមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែមិនដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែលមានអង្គណៈទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសថោកទាប។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ នៅមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែលមានអង្គណៈទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសដ៏ប្រសើរ។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែមិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែលមិនមានអង្គណៈទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសថោកទាប។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែលមិនមានអង្គណៈទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសដ៏ប្រសើរ។
ID: 636821256701632640
ទៅកាន់ទំព័រ៖