ព្រះត្រៃបិដក ភាគ ២០
មិនមានចិត្តសៅហ្មង ហើយធ្វើមរណកាលទៅ។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍ប្រឡាក់ដោយធូលី និងស្នឹម បុគ្គលជាម្ចាស់ទាំងឡាយ ក៏បានប្រើប្រាស់ភាជន៍នោះផង បានដុសខាត់ផង ថែមទាំងមិនទុកដាក់ភាជន៍នោះ ក្នុងផ្លូវធូលី ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ លុះដល់សម័យជាខាងក្រោយ នឹងបរិសុទ្ធ ផូរផង់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រ មានថេរវាចាតទៅទៀតថា ម្នាលអាវុសោ បុគ្គលណា នៅមានអង្គណៈ ដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គលនោះ មុខជានឹងញុំាងឆន្ទៈឲ្យកើតឡើង មុខជានឹងសង្វាត ប្រារព្ធព្យាយាម ដើម្បីលះបង់នូវអង្គណៈនោះចេញ ក៏ដូច្នោះ។ បុគ្គលនោះ មុខជាមិនមានរាគៈ ទោសៈ មោហៈ មិនមានអង្គណៈ មិនមានចិត្តសៅហ្មង ហើយធ្វើមរណកាលទៅ។ ម្នាលអាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ មិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់ទៅជាមានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គលនោះ មុខជានឹងធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត
ID: 636821257395572331
ទៅកាន់ទំព័រ៖