ព្រះត្រៃបិដក ភាគ ២០
ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ព្រះសាស្តា សួរតែភិក្ខុឯទៀតរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុ ព្រះសាស្តា មិនសួរអាត្មាអញរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦១] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកភិក្ខុគប្បីចោមរោមអាត្មាអញ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុ កុំគប្បីចោមរោមភិក្ខុឯទៀត ចូលទៅកាន់ស្រុក ដើម្បីភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ពួកភិក្ខុ គប្បីចោមរោមភិក្ខុឯទៀតរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុ មិនគប្បីចោមរោមភិក្ខុនោះរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ពួកភិក្ខុ ចោមរោមភិក្ខុឯទៀតរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុគប្បីចោមរោមអាត្មាអញ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុ មិនចោមរោមអាត្មាអញរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
ID: 636821259048266860
ទៅកាន់ទំព័រ៖