ព្រះត្រៃបិដក ភាគ ២០
[៧១] ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចនៃសេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ លះចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ បើទុកជាភិក្ខុនោះ ជាអ្នកនៅក្នុងស្រុក ត្រេកអរនឹងការនិមន្តន៍ ទ្រទ្រង់នូវគហបតិចីវរ ក៏គង់តែពួកសព្រហ្មចារី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នាទាំងនោះ លោកមានអាយុនោះ លះចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍បរិសុទ្ធ ផូរផង់។ បុគ្គលជាម្ចាស់ទាំងឡាយ យកបាយស្រូវសាលី ដែលប្រាសចាកពណ៌ខ្មៅ មានសម្ល និងម្ហូបក្រៀមច្រើនមុខ ដាក់ពេញក្នុងភាជន៍នោះ ហើយគ្របដោយភាជន៍សំរិទ្ធដទៃ ហើយដើរទៅក្នុងចន្លោះផ្សារ។ ជនឃើញភាជន៍នោះហើយ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ភាជន៍នេះ ហាក់ដូចជាទីពេញចិត្តក្រៃលែង អ្នកឯងនាំទៅធ្វើអ្វីអេះ។ លុះជននោះស្ទុះទៅបើកភាជន៍នោះមើល
ID: 636821261827055798
ទៅកាន់ទំព័រ៖