ព្រះត្រៃបិដក ភាគ ២០
បណ្តែតបាបកម្ម ដែលគេធ្វើហើយ ចោលទៅក្នុងស្ទឹងពាហុកា (នេះដែរ)។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងដោយបទគាថាទាំងឡាយ ចំពោះសុន្ទរិកភារទ្វាជព្រាហ្មណ៍ថា
ជនពាល មានកម្មអាក្រក់ (ក្នុងសន្តាន) បើទុកជាចូលទៅកាន់ស្ទឹងពាហុកាក្តី កាន់កំពង់ឈ្មោះ អធិកក្កៈក្តី កាន់កំពង់ឈ្មោះគយាក្តី(១) កាន់ស្ទឹងឈ្មោះ សុន្ទរិកាក្តី កាន់ស្ទឹងឈ្មោះសរស្សតីក្តី កាន់កំពង់ឈ្មោះបយាគៈក្តី ឬក៏កាន់ស្ទឹងឈ្មោះពាហុមតីក្តី អស់កាលជានិច្ច ក៏នៅតែមិនស្អាតឡើយ ព្រោះថា ស្ទឹងឈ្មោះសុន្ទរិកា នឹងធ្វើអ្វីឲ្យ កំពង់ឈ្មោះបយាគៈ នឹងធ្វើអ្វីឲ្យ ស្ទឹងឈ្មោះពាហុកា នឹងធ្វើអ្វីឲ្យ។ ព្រោះថា ស្ទឹងឈ្មោះសុន្ទរិកាជាដើម មិនដែលលាងជំរះសត្វមានពៀរ មានបាបកម្មដ៏ក្លៀវក្លា ដែលខ្លួនធ្វើហើយ មានកម្មដ៏លាមកនោះ ឲ្យស្អាតបានឡើយ ផគ្គុណឬក្ស តែងមានសព្វៗកាល ដល់បុគ្គលដែលបរិសុទ្ធ ឧបោសថ តែងមានសព្វៗកាល ដល់បុគ្គល ដែលបរិសុទ្ធ ការកាន់យកនូវវត្ត តែងសម្រេចសព្វៗកាល ដល់បុគ្គលដែលបរិសុទ្ធ មានកម្មដ៏ស្អាត។
(១) កំពង់មានសណ្ឋានដូចបឹងមូល។
ID: 636821332090594642
ទៅកាន់ទំព័រ៖