ព្រះត្រៃបិដក ភាគ ២០
[១០៤] ម្នាលចុន្ទ អ្នកត្រូវធ្វើសេចក្តីផូរផង់ ក្នុងវត្ថុ មានការមិនបៀតបៀនជាដើមនេះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាអ្នកបៀតបៀនក្នុងវត្ថុណា ពួកយើងនឹងជាអ្នកមិនបៀតបៀនក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាអ្នកបំបាត់ជីវិតសត្វ ក្នុងវត្ថុណា ពួកយើងនឹងជាអ្នកវៀរចាកកិរិយាបំបាត់ជីវិត ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងកាន់យកនូវរបស់ដែលគេមិនបានឲ្យ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការកាន់យកនូវរបស់ ដែលគេមិនបានឲ្យ ក្នុងវត្ថុនោះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រព្រឹត្តនូវធម៌មិនប្រសើរ ក្នុងវត្ថុណា ពួកយើងនឹងប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងនិយាយពាក្យកុហក ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការនិយាយពាក្យកុហក ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសំដីញុះញង់ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកសំដីញុះញង់ ក្នុងវត្ថុនោះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់ យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសំដីទ្រគោះ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកសំដីទ្រគោះ ក្នុងវត្ថុនោះ។
ID: 636821334579917023
ទៅកាន់ទំព័រ៖