ព្រះត្រៃបិដក ភាគ ២០
ដំកល់សតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង។ កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី។ កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងនូវកាយ គឺខ្យល់ទាំងពួង សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ទាំងពួង សិមដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញនឹង រម្ងាប់កាយសង្ខារ សិមដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹង ឬកូនជាងរបស់ជាងក្រឡឹង ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងវែង។ កាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងខ្លី មានឧបមាដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង។ កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង។
ID: 636821350853567823
ទៅកាន់ទំព័រ៖