ព្រះត្រៃបិដក ភាគ ២០
ហៅថា សម្មាវាចា ។ ចេតនាវៀរចាកមុសាវាទ១ ចេតនាវៀរចាកបិសុណាវាចា១ ចេតនាវៀរចាកផរុសវាចា១ ចេតនាវៀរចាកសម្ផប្បលាបៈ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាកម្មន្តៈ ។ ចេតនាវៀរចាកបាណាតិបាត១ ចេតនាវៀរចាកអទិន្នាទាន១ ចេតនាវៀរចាកកាមេសុមិច្ឆាចារ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាកម្មន្តៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវមិច្ឆាអាជីវៈ គឺការចិញ្ចឹមជីវិតខុស ហើយប្រព្រឹត្តចិញ្ចឹមជីវិត ដោយសម្មាអាជីវៈ គឺការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាអាជីវៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាវាយាមៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ធ្វើនូវព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីធ្វើអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ធ្វើឆន្ទៈឲ្យកើត ធ្វើព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ (ឲ្យសាបសូន្យទៅ)
ID: 636821400829376276
ទៅកាន់ទំព័រ៖