ព្រះត្រៃបិដក ភាគ ២០
[១៨៤] ម្នាលសារីបុត្ត តថាគតនោះ សម្រេចនូវឥរិយាបថដេក ក្នុងព្រៃស្មសាន កើយលើឆ្អឹងសាកសពទាំងឡាយ។ ម្នាលសារីបុត្ត ចំណែកពួកក្មេងឃ្វាលគោ នាំគ្នាចូលទៅជិតតថាគត ហើយស្តោះដាក់ខ្លះ នោមដាក់ខ្លះ យកដីរោយដាក់ខ្លះ យករំកាច់ឈើមករុកក្នុងរន្ធត្រចៀកខ្លះ
(១) ។ ម្នាលសារីបុត្ត តថាគត មិនដែលឲ្យចិត្តអាក្រក់កើតឡើងចំពោះពួកក្មេងឃ្វាលគោទាំងនោះឡើយ។ ម្នាលសារីបុត្ត នេះឯង ឈ្មោះថា ជាវត្តខាងការនៅប្រកបដោយឧបេក្ខា របស់តថាគត។
[១៨៥] ម្នាលសារីបុត្ត មានសមណព្រាហហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធ កើតមានព្រោះអាហារ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះថា យើងទាំងឡាយ នឹងចិញ្ចឹមអត្តភាព ដោយផ្លែពទ្រាទាំងឡាយ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ក៏ស៊ីផ្លែពទ្រាខ្លះ ស៊ីលំអិតនៃផ្លែពទ្រាខ្លះ ផឹកទឹកដែលច្របាច់លាយដោយផ្លែពទ្រាខ្លះ បរិភោគនំដែលធ្វើដោយផ្លែពទ្រាច្រើនយ៉ាងខ្លះ។ ម្នាលសារីបុត្ត តថាគត ធ្លាប់យកផ្លែពទ្រាតែ១ប៉ុណ្ណោះ មកធ្វើជាអាហារ។ ម្នាលសារីបុត្ត សមជាអ្នកមានសេចក្តីយល់យ៉ាងនេះថា ផ្លែពទ្រាក្នុងសម័យនោះ ជាផ្លែធំៗណាស់។
(១) អដ្ឋកថា ដំណាលសេចក្តីថា ពួកក្មេងទាំងនោះ កាលចូលទៅកាន់សំណាក់ព្រះពោធិសត្វ ហើយនិយាយបង្ខំឲ្យព្រះពោធិសត្វនិយាយ តែព្រះពោធិសត្វមិននិយាយថាដូចម្តេចឡើយ បានជាពួកទាំងនោះ ធ្វើអំពើអាក្រក់ មានស្តោះដាក់ជាដើម។
ID: 636821421604734558
ទៅកាន់ទំព័រ៖