ព្រះត្រៃបិដក ភាគ ២០
ព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមទេ នេះឈ្មោះថា ជាចំណងរបស់ចិត្តទី៥ ដែលភិក្ខុនោះ មិនបានកាត់ផ្តាច់ហើយ យ៉ាងនេះ។ ចំណងរបស់ចិត្ត ទាំង៥ប្រការនេះ ឈ្មោះថា ភិក្ខុនោះ មិនបានកាត់ផ្តាច់ហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មិនបានលះបង់នូវបង្គោលរបស់ចិត្ត ទាំង៥ប្រការនេះ មិនកាត់ផ្តាច់នូវចំណង របស់ចិត្តទាំង៥ប្រការនេះទេ ភិក្ខុនោះឯង នឹងដល់នូវសេចក្តីចំរើន លូតលាស់ ដុះដាល ក្នុងធម្មវិន័យនេះ ដូច្នេះ នេះមិនមែនជាឋានៈទេ។
[២៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ បានលះបង់ នូវបង្គោលរបស់ចិត្តទាំង៥ប្រការ កាត់ផ្តាច់នូវចំណង របស់ចិត្តទាំង៥ប្រការ ភិក្ខុនោះឯង នឹងដល់នូវសេចក្តីចំរើន លូតលាស់ ដុះដាល ក្នុងធម្មវិន័យនេះ ដូច្នេះ នេះទើបជាឋានៈ។
[២៣១] បង្គោលរបស់ចិត្តទាំង៥ប្រការ ដែលភិក្ខុនោះ លះបង់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសង្ស័យ មិនស្ទាក់ស្ទើរ ជឿស៊ប់ ជ្រះថ្លា ក្នុងព្រះសាស្តា។
ID: 636821504312615178
ទៅកាន់ទំព័រ៖