ព្រះត្រៃបិដក ភាគ ២០
កិលេសសញ្ញាទាំងឡាយ មិនបានជាប់តាម នូវខីណាសវព្រាហ្មណ៍នោះ ដែលប្រាសចាកកាមទាំងឡាយ មិនមានសេចក្តីងឿងឆ្ងល់ ផ្តាច់បង់នូវសេចក្តីស្តាយក្រោយ និងការរពឹសដៃជើង ប្រាសចាកសេចក្តីប្រាថ្នា ក្នុងភពតូច និងភពធំយ៉ាងណា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា
(១) រមែងប្រព្រឹត្តទៅតាមបុរស ព្រោះមានសភាវៈណាជាហេតុ សេចក្តីដែលបុគ្គលគប្បីត្រេកអរ គប្បីពោល គប្បីប្រកាន់ (ថាអញ ថាយើង) បើមិនមានក្នុងសភាវៈនុ៎ះទេ សេចក្តីមិនត្រេកអរជាដើមនុ៎ះឯង ហៅថា ទីបំផុតនៃរាគានុស័យ ហៅថា ទីបំផុតនៃបដិឃានុស័យ ហៅថា ទីបំផុតនៃទិដ្ឋានុស័យ ហៅថា ទីបំផុតនៃវិចិកិច្ឆានុស័យ ហៅថា ទីបំផុតនៃមានានុស័យ ហៅថា ទីបំផុតនៃភវរាគានុស័យ ហៅថា ទីបំផុតនៃអវិជ្ជានុស័យ ហៅថា ទីបំផុតនៃការកាន់ដំបង កាន់សស្ត្រា ជម្លោះ បង្កហេតុ ទាស់ទែង ពោលពាក្យស៊កសៀត ថាឯង ថាម៉ឹង និងពាក្យមុសាវាទ អកុសលធម៌ទាំងឡាយដ៏លាមកនេះ រមែងរលត់ទៅវិញ ដោយមិនសេសសល់ក្នុងសភាវៈ១២នុ៎ះ។ លុះព្រះសុគត ទ្រង់ត្រាស់ដូច្នេះហើយ ក៏ក្រោកចាកអាសនៈ ហើយទ្រង់ស្តេចចូលទៅកាន់វិហារ។
(១) អដ្ឋកថា ថា សញ្ញាដែលប្រកបដោយបបញ្ចធម៌ ៣ប្រការ គឺតណ្ហា មានះ ទិដ្ឋិ។
ID: 636821513996949091
ទៅកាន់ទំព័រ៖