ព្រះត្រៃបិដក ភាគ ២០
រមែងសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងឡាយនោះ តថាគត ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវកាយកម្មដ៏បរិសុទ្ធនុ៎ះ ក្នុងខ្លួនហើយ ទើបតថាគត បានដល់នូវសួស្តីច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣២] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលមានវចីកម្មមិនបរិសុទ្ធ។បេ។ ដែលមានមនោកម្មមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើននោះ តែងហៅអកុសល ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានអាជីវៈមិនបរិសុទ្ធនោះឯង។ ឯតថាគត មិនមែនជាមានអាជីវៈមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះទេ តថាគត ជាអ្នកមានអាជីវៈបរិសុទ្ធមែន។ ពួកព្រះអរិយៈណា ដែលមានអាជីវៈបរិសុទ្ធ រមែងសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវអាជីវៈដ៏បរិសុទ្ធនុ៎ះ ក្នុងខ្លួនហើយ ទើបតថាគត បានដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
ID: 636821249276967974
ទៅកាន់ទំព័រ៖