ព្រះត្រៃបិដក ភាគ ២០
ចិត្តនៃតថាគត ក៏ផុតចាកគ្រឿងត្រាំ គឺកាមផង ចិត្តនៃតថាគត ក៏ផុតចាកគ្រឿងត្រាំ គឺភពផង ចិត្តនៃតថាគត ក៏ផុតចាកគ្រឿងត្រាំ គឺអវិជ្ជាផង (កាលបើចិត្តតថាគត បានរួចផុតស្រឡះហើយ) ប្រាជ្ញាក៏កើតប្រាកដ ដល់តថាគតថា អញរួចស្រឡះ ចាកអាសវធម៌ហើយ ចិត្តរបស់អញផុតស្រឡះហើយ តថាគត ដឹងច្បាស់ថា កំណើតរបស់អញអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏បានធ្វើស្រេចហើយ នឹងមានកិច្ចដទៃ ក្រៅពីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី៣នេះឯង ដែលតថាគត បានត្រាស់ដឹង ក្នុងយាមជាទីបំផុតនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្លៅខ្ចាត់បាត់ទៅ សេចក្តីចេះដឹង ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី៣ នុ៎ះដូច្នោះដែរ។
ID: 636821255079449857
ទៅកាន់ទំព័រ៖