ព្រះត្រៃបិដក ភាគ ២១
វេទេហិកាគហបតានី ជាស្ត្រីសភាពរាបទាប នាងវេទេហិកាគហបតានី ជាស្ត្រីស្រគត់ស្រគំ។ ម្នាលភិក្ខុទាំងឡាយ ឯនាងវេទេហិកាគហបតានី មានទាសី១នាក់ ឈ្មោះ កាឡី ជាស្ត្រីឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកចាត់ចែងការងារល្អ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង នាងកាឡីទាសី មានសេចក្តីត្រិះរិះដូច្នេះថា នាងម្ចាស់របស់អាត្មាអញ មានកិត្តិសព្ទដ៏ពីរោះល្បីខ្ចរខ្ចាយ សុសសាយទៅយ៉ាងនេះថា នាងវេទេហិកាគហបតានី ជាស្ត្រីស្លូត នាងវេទេហិកាគហបតានី ជាស្ត្រីសុភាពរាបទាប នាងវេទេហិកាគហបតានី ជាស្ត្រីស្រគត់ស្រគំដូច្នេះ ចុះអ្នកស្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើឲ្យប្រាកដឬ ឬមិនមានកំហឹងខាងក្នុងទេ ឬក៏ដោយសារការងារទាំងនុ៎ះ ដែលអញបានចាត់ចែងត្រឹមត្រូវ បានជាអ្នកស្រីជាម្ចាស់អញមិនបញ្ចេញកំហឹងខាងក្នុងដែលមានដែរ មិនមែនជាមិនមានទេ បើដូច្នោះ មានតែអញល្បងអ្នកស្រីជាម្ចាស់លមើល។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាងកាឡីទាសីក្រោកឡើង(ពីដំណេក) ក្នុងវេលាថ្ងៃពេក។ ម្នាលភិក្ខុទាំងឡាយ ក្នុងពេលនោះ នាងវេទេហិកាគហបតានី បាននិយាយនឹងនាងទាសីកាឡី ដូច្នេះថា នែមេកាឡី។
ID: 636822510443082549
ទៅកាន់ទំព័រ៖