ព្រះត្រៃបិដក ភាគ ២១
ទាំងឡាយ នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ នឹងជាសត្វ គួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះ។ ទើបពួកម្រឹគទាំងនោះ សម្រេចទីនៅ ត្រង់ដែលមិនមែនជាវិស័យ របស់នេវាបិកជន និងនេវាបិកបរិសទ្យនោះ លុះសម្រេចនូវទីអាស្រ័យ ក្នុងទីនោះហើយ ក៏មិនចូលទៅលុកលុយដំណាំ ដែលនេវាបិកជនដាំឯណោះ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ លុះម្រឹគទាំងនោះ មិនចូលទៅលុកលុយ មិនភ្លេចខ្លួន ក្នុងដំណាំនោះហើយ គ្រាន់តែស៊ីនូវភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ នេវាបិកជន និងនេវាបិកបរិសទ្យ មានសេចក្តីត្រិះរិះដូច្នេះថា អើក៏ ពួកម្រឹគទី៤នេះ មានកលមាយាសិក្សាហើយ ដូចជាសត្វមានឫទ្ធិ ពួកម្រឹគទី៤នេះ ជាសត្វផ្សេងក្រៅអំពីម្រឹគទី១ ទី២ ទី៣ នោះ តែងស៊ីនូវដំណាំ ដែលយើងទាំងឡាយដាំហើយនេះ ឯយើងទាំងឡាយ មិនដឹងនូវដំណើរមក និងដំណើរទៅ របស់ពួកវា បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើរបងព័ទ្ធដំណាំ ដែលយើងដាំហើយនេះ ព្រមទាំងប្រទេសជុំវិញ ដោយកំណាត់
ID: 636822539217118330
ទៅកាន់ទំព័រ៖