ព្រះត្រៃបិដក ភាគ ២១

វេ​ទេ​ហិ​កា​គហបតានី​ ​ក៏​ខឹង​អាក់អន់​ចិត្ត​ ​ក៏​បញ្ចេញវាចា​ ​ដោយ​សេចក្តី​អាក់អន់​ចិត្ត​ថា​ ​យើ​មេចោរ​ទាសី​គំរក់​ ​បើ​មិន​មាន​អ្វី​ទេ​ ​ម្តេច​ក៏​ហង​ក្រោក​ទាល់​ថ្ងៃ​ម៉្លេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​កាឡី​ទាសី​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អ្នក​ស្ត្រីជា​ម្ចាស់​អញ​ ​មាន​កំហឹង​ខាងក្នុង​ដែរ​ ​តែ​មិន​ធ្វើឲ្យ​ប្រាកដ​ ​មិនមែន​ជា​មិន​មាន​ទេ​ ​ដោយសារ​ការងារ​ទាំង​នុ៎ះ​ ​ដែល​អាត្មាអញ​បាន​ចាត់ចែង​ត្រឹមត្រូវ​ ​បាន​ជា​អ្នក​ស្ត្រីជា​ម្ចាស់​អញ​ ​មិន​បញ្ចេញ​កំហឹង​ខាងក្នុង​ ​មិនមែន​ជា​មិន​មាន​ទេ​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ល្បងមើល​អ្នក​ស្ត្រីជា​ម្ចាស់​ឲ្យលើស​ជាង​នេះ​ទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​នាង​កាឡី​ទាសី​ក្រោក​ឡើង​(​ពី​ដំណេក​)​រឹង​តិត​តែ​ទាល់​ថ្ងៃ​ជាង​មុន​ទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​នាង​វេ​ទេ​ហិ​កា​គហបតានី​ ​បាន​និយាយ​នឹង​កាឡី​ទាសី​ ​ដូច្នេះ​ថា​ ​នែ​មេ​កាឡី​។​ ​កាឡី​ទាសី​ឆ្លើយតប​ថា​ ​អ្នក​ស្ត្រី​មានប្រសាសន៍​ថាម៉េច​។​ ​ចុះ​ហង​ម្តេច​ក៏​ក្រោក​ទាល់​ថ្ងៃ​ម៉្លេះ​។​ ​គ្មានអ្វី​ទេ​អ្នក​ស្រ្តី​។​ ​នាង​វេ​ទេ​ហិ​កា​គហបតានី​ ​ខឹង​អាក់អន់​ចិត្ត​ ​និយាយ​ថា​ ​យើ​មេចោរ​ទាសី​គំរក់​ ​បើ​មិន​មាន​អ្វី​ទេ​ ​ម្តេច​ក៏​ហង​ក្រោក​ទាល់​ថ្ងៃ​ម៉្លេះ​ ​ថា​ហើយក៏​ចាប់​រនុកទ្វារ​យារ​សំពង​ចំក្បាល​ថា​ ​អញ​នឹង​វាយ​បំបែក​ក្បាល​ហង​។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636822510887697980
ទៅកាន់ទំព័រ៖