ព្រះត្រៃបិដក ភាគ ២១
[៥១] គ្រានោះឯង ព្រះមានព្រះភាគទ្រង់ជ្រាបថា ចប់ពាក្យនិយាយហើយ ក៏គ្រហែម រួចទ្រង់គោះសន្ទះទ្វារ។ ពួកភិក្ខុទាំងនោះ ក៏បើកទ្វារ ថ្វាយព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ចូលទៅកាន់អាស្រម របស់រម្មកព្រាហ្មណ៍ ហើយគង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ បានត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញមិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំនិយាយពាក្យដូចម្តេចខ្លះ ចុះពាក្យជាចន្លោះដូចម្តេច ដែលអ្នកទាំងឡាយ និយាគ្នាមិនទាន់ស្រេច។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យប្រកបដោយធម៌ ប្រារព្ធចំពោះព្រះមានព្រះភាគ ដែលយើងទាំងឡាយ និយាយមិនទាន់ស្រេច ស្រាប់តែព្រះមានព្រះភាគ ស្តេចមកដល់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ល្អហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំ ដោយធម្មីកថានុ៎ះឯង សមគួរដល់អ្នកទាំងឡាយ ជាកុលបុត្រ ដែលចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធាហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រជុំគ្នាហើយ ត្រូវធ្វើកិច្ច២យ៉ាងគឺ ពាក្យប្រកបដោយធម៌១ ភាពជាអ្នកស្ងប់ស្ងៀម នៅដ៏ប្រសើរ១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន២ប្រការ គឺការស្វែងរកមិនប្រសើរ១ ការស្វែងរកប្រសើរ១។
ID: 636822544112348321
ទៅកាន់ទំព័រ៖