ព្រះត្រៃបិដក ភាគ ២១
ក្នុងទីនោះ តថាគត បានឃើញផ្ទៃផែនដី គួរឲ្យត្រេកអរ ដងព្រៃគួរឲ្យកើតជ្រះថ្លាផង ស្ទឹងមានទឹកថ្លាស្អាតហូរ (មិនដាច់) មានកំពង់រាបស្មើល្អ គួរជាទីត្រេកអរផង ទាំងគោចរគ្រាម (ស្រុកសម្រាប់បិណ្ឌបាត) ក៏មាននៅជិតផង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ភូមិភាគនេះ គួរឲ្យត្រេកអរផង ដងព្រៃគួរឲ្យកើតជ្រះថ្លាផង ស្ទឹងមានទឹកថ្លាស្អាតហូរ មិនដាច់ មានកំពង់រាបស្មើល្អ គួរជាទីត្រេកអរផង គោចរគ្រាម ក៏មាននៅជិតផង ទីនេះ ល្មមកុលបុត្រ អ្នកត្រូវការ ដោយសេចក្តីព្យាយាម តាំងសេចក្តីព្យាយាមបានហើយតើ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង បានអង្គុយក្នុងទីនោះ ដោយគិតថា ទីនេះ ល្មមនឹងតាំងសេចក្តីព្យាយាមបាន។
[៥៨] ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង មានជាតិជាធម្មតា ដោយខ្លួនឯង ដឹងច្បាស់នូវទោស ក្នុងជាតិធម៌ ហើយស្វែងរក នូវព្រះនិព្វាន ដែលមិនមានជាតិ មិនមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ក៏បានដល់ នូវព្រះនិព្វាន ដែលមិនមានជាតិ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ មានជរាជាធម្មតា ដោយខ្លួនឯង... មានព្យាធិជាធម្មតា ដោយខ្លួនឯង...មានមរណៈជាធម្មតា ដោយខ្លួនឯង... មានសោកជាធម្មតា ដោយខ្លួនឯង... មានសេចក្តីសៅហ្មងជាធម្មតា ដោយខ្លួនឯង
ID: 636822548693340339
ទៅកាន់ទំព័រ៖