ព្រះត្រៃបិដក ភាគ ២១
ចំណែកខាងញាណទស្សនៈ របស់តថាគត ក៏កើតឡើងថា អាឡារតាបសកាលាមគោត្រ ធ្វើកាលកិរិយា៧ថ្ងៃហើយមែន។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាឡារតាបសកាលាមគោត្រនេះ ជាបុគ្គលមានសេចក្តីវិនាសធំ ព្រោះថា បើគាត់បានស្តាប់ធម៌នេះ សមជាត្រាស់ដឹងមួយរំពេចបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ នឹងសំដែងធម៌ ដល់អ្នកណាជាមុនអេះ អ្នកណានឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបានអេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា ឧទ្ទកតាបសរាមបុត្រនេះឯង ជាបណ្ឌិត ជាអ្នកឈ្លាសវៃ មានប្រាជ្ញា មានធូលីតិច ក្នុងភ្នែកស្រាប់មកយូរហើយ បើដូច្នោះ គួរតថាគត សំដែងធម៌ប្រោសឧទ្ទកតាបសរាមបុត្រជាមុនចុះ តាបសនោះ នឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មានទេវតាអង្គមួយ ចូលមករកតថាគត ហើយនិយាយ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ឧទ្ទកតាបសរាមបុត្រ ធ្វើកាលកិរិយា អំពីពេលពាក់កណ្តាលអធ្រាត្រហើយ។
ID: 636822553046359317
ទៅកាន់ទំព័រ៖