ព្រះត្រៃបិដក ភាគ ២១
ចូឡហត្ថិបទោបមសូត្រទី៧
[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ ក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ មានព្រាហ្មណ៍ម្នាក់ ឈ្មោះ ជាណុស្សោណិ ទឹមរថដោយសេះសសុទ្ធ បរចេញអំពីក្រុងសាវត្ថី ទាំងកំពុងថ្ងៃត្រង់។ ជាណុស្សោណិព្រាហ្មណ៍ បានឃើញ បិលោតិកបរិព្វាជក (បរិព្វាជកអ្នកស្លៀកសំពត់ចាស់) កំពុងដើរមកអំពីចម្ងាយ លុះឃើញជាក់ហើយ ទើបសួរបិលោតិកបរិព្វាជក ដូច្នេះថា លោកវច្ឆាយនៈដ៏ចម្រើន មកអំពីទីណា ទាំងកំពុងថ្ងៃត្រង់នោះ។ បិលោតិកបរិព្វាជក ឆ្លើយថា ម្នាលអ្នកដ៏ចម្រើន អាត្មាមកអំពីសំណាក់ព្រះសមណគោតមនេះទេតើ។ លោកដ៏ចម្រើនដឹងថា ព្រះសមណគោតម មានប្រាជ្ញា និងសេចក្តីវាងវៃ ល្មមឲ្យហៅថាជាបណ្ឌិតបានឬទេ។ ម្នាលអ្នកដ៏ចម្រើន អាត្មាឯណា នឹងដឹងនូវបញ្ញា និងសេចក្តីវាងវៃ របស់ព្រះសមណគោតមបាន បើបុគ្គលណាដឹងនូវបញ្ញា និងសេចក្តីវាងវៃ របស់ព្រះសមណគោតមបានហើយ បុគ្គលនោះឯង នឹងប្រាកដដូចជាព្រះសមណគោតមនោះដែរ។ ម្តេចក៏វច្ឆាយនៈដ៏ចម្រើន ពោលសរសើរព្រះសមណគោតម ដោយពាក្យសរសើរដ៏ខ្ពង់ខ្ពស់ដល់ម៉្លេះ។
ID: 636822560325495660
ទៅកាន់ទំព័រ៖