ព្រះត្រៃបិដក ភាគ ២១
ព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ធ្វើម្តេច យើងគប្បីទៅជួប ព្រះសមណគោតមបានម្តងហ្ន៎ ធ្វើម្តេច យើងគប្បីបាននិយាយឆ្លើយឆ្លងតិចតួចហ្ន៎។ លំដាប់នោះ ជាណុស្សោណិព្រាហ្មណ៍ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឮកហើយ អង្គុយក្នុងទីសមគួរ។ លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ តាមពាក្យដែលខ្លួននិយាយឆ្លើយឆ្លង ជាមួយនឹងបិលោតិកបរិព្វាជកនោះ ដរាបដល់ចប់សព្វគ្រប់។ កាលជាណុស្សោណិព្រាហ្មណ៍ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងជាណុស្សោណិព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ ធម៌ដែលឧបមា ដូចស្នាមជើងដំរី មិនទាន់បរិបូណ៌ដោយពិស្តារត្រឹមតែប៉ុណ្ណេះទេ ម្នាលព្រាហ្មណ៍ ឯធម៌ដែលឧបមា ដូចស្នាមជើងដំរីបរិបូណ៌ដោយពិស្តារ យ៉ាងណាមិញ អ្នកចូរស្តាប់នូវសេចក្តីឧបមានោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ជាណុស្សោណិព្រាហ្មណ៍ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ។
ID: 636822562034113388
ទៅកាន់ទំព័រ៖