ព្រះត្រៃបិដក ភាគ ២១
ជាធម៌របស់អ្នកស្រុក។ លះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យពិត
(១) ជាអ្នកមានសំដីទៀងទាត់ មានពាក្យដែលគួរជឿ មិនបានពោលបំភ្លាត់សត្វលោក។ លះបង់បិសុណវាចា វៀរស្រឡះចាកបិសុណវាចា គឺថា ឮពាក្យអំពីសំណាក់ជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីបំបែកនូវជនទាំងឡាយនេះ ឬឮពាក្យក្នុងសំណាក់ជនឯណោះហើយ មិននាំមកប្រាប់ពួកជននេះ ដើម្បីបំបែកនូវជនទាំងឡាយឯណោះដូច្នេះ ជាអ្នកផ្សះផ្សារ នូវជនទាំងឡាយ ដែលបែកគ្នាហើយ ឬឲ្យកម្លាំងថែម ដល់ជនទាំងឡាយដែលជានឹងគ្នាហើយ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយតែក្នុងសេចក្តីព្រមព្រៀងគ្នា និយាយតែវាចា ដែលជាគ្រឿងធ្វើឲ្យព្រមព្រៀងគ្នា។ លះបង់ផរុសវាចា វៀរស្រឡះចាកផរុសវាចា វាចាណាដែលមិនមានទោស នាំមកនូវសេចក្តីសុខ ដល់ត្រចៀក ជាពាក្យគួរស្រឡាញ់ ជាពាក្យគួរតំកល់ទុកក្នុងហឫទ័យ ជាសំដីរបស់អ្នកក្រុង ដែលជាទីត្រេកអរ ដល់ជនច្រើន ជាទីពេញចិត្ត ដល់ជនច្រើន ជាអ្នកនិយាយតែវាចា មានសភាពដូច្នោះ។
(១) ដែលថា តនូវពាក្យពិតដោយពាក្យពិតនេះ គឺមិននិយាយពាក្យកុហកក្នុងចន្លោះៗ បានសេចក្តីថា ជាអ្នកនិយាយពាក្យពិតមិនដាច់។ អដ្ឋកថា។
ID: 636822563546879913
ទៅកាន់ទំព័រ៖