ព្រះត្រៃបិដក ភាគ ២១
គឺចក្ខុនោះ រក្សានូវឥន្ទ្រិយ គឺចក្ខុ ដល់នូវសេចក្តីសង្រួម ក្នុងឥន្ទ្រិយ គឺចក្ខុ។ ឮសំឡេងដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ពាល់ត្រូវសម្ផស្សដោយកាយ... ដឹងធម្មារម្មណ៍ដោយចិត្ត មិនបានកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈឡើយ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាម នូវបុគ្គល ដែលមិនបានសង្រួមនូវឥន្ទ្រិយ គឺចិត្តណា ភិក្ខុនោះ ក៏ប្រតិបត្តិដើម្បីសង្រួមនូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយ គឺចិត្ត ដល់នូវសេចក្តីសង្រួម ក្នុងឥន្ទ្រិយ គឺចិត្ត។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរ ដ៏ប្រសើរនេះហើយ ទើបសោយ ចំពោះនូវសុខ ដែលមិនច្រឡំ ដោយកិលេស ក្នុងសន្តាន។ កាលភិក្ខុនោះ ឈានទៅមុខ និងឈានថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅទិសផ្សេងៗ ក៏មានសេចក្តីដឹងខ្លួន កាលអង្កុញដៃជើង និងលាដៃជើង ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ និងចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគ ផឹក ទំពាស៊ី ជញ្ជក់ជញ្ជាប់ ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ នៅស្ងៀម ក៏មានសេចក្តីដឹងខ្លួន។
ID: 636822564813912383
ទៅកាន់ទំព័រ៖