ព្រះត្រៃបិដក ភាគ ២១
[៧២] ភិក្ខុនោះប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង ប្រកបដោយឥន្ទ្រិយសំវរ ដ៏ប្រសើរនេះផង ប្រកបដោយសតិសម្បជញ្ញៈ ដ៏ប្រសើរនេះផង តែងសេពនូវទីសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃឆ្ងាយ ទីវាល ទីគំនរចំបើង។ ភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត្រវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយត្រង់ តាំងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ លះបង់នូវអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា។ លះបង់នូវព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះសព្វសត្វ ដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ និងសេចក្តីប្រទូស្ត។ លះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ និងងោកងក់ មានចិត្តប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់ នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាត ចាកថីនមិទ្ធៈ។ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយចិត្ត និងសេចក្តីក្តៅក្រហាយ មានចិត្តមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ ព្ធដ៏ខាងក្នុង ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ។
ID: 636822565037405166
ទៅកាន់ទំព័រ៖