ព្រះត្រៃបិដក ភាគ ២១

ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​បើ​ជន​ទាំងឡាយ​ដទៃ​ ​បៀតបៀន​ភិក្ខុ​នោះ​ ​ដោយ​សម្ផស្ស​ដៃ​ក្តី​ ​ដោយ​សម្ផស្ស​ដុំដី​ក្តី​ ​ដោយ​សម្ផស្ស​ដំបង​ក្តី​ ​ដោយ​សម្ផស្ស​គ្រឿង​សស្ត្រា​ក្តី​ ​ដែល​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​។​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​កាយ​នេះឯង​ ​ជា​ធម្មជាតិ​សម្រាប់​រង​សម្ផស្ស​ដៃ​ខ្លះ​ ​សម្រាប់​រង​សម្ផស្ស​ដុំដី​ខ្លះ​ ​សម្រាប់​រង​សម្ផស្ស​ដំបង​ខ្លះ​ ​សម្រាប់​រង​សម្ផស្ស​គ្រឿង​សស្ត្រា​ខ្លះ​។​ ​ព្រោះហេតុនោះ​ ​បាន​ជា​ព្រះមានព្រះភាគ​ទ្រង់​មាន​ព្រះពុទ្ធដីកា​នេះ​ ​ទុក​ក្នុង​ឱវាទ​ ​ដែល​មាន​ឧបមា​ដូច​រណារ​ ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ចោរ​ទាំងឡាយ​ ​ជា​អ្នកធ្វើ​អំពើថោកទាប​ ​គប្បី​អារ​អវយវៈ​តូច​ធំ​ទាំងឡាយ​ ​ដោយ​រណារ​ ​ដែល​មាន​ដង​ទាំងពីរ​ខាង​ ​ភិក្ខុ​ណាមួយ​ ​មានចិត្ត​ ​(​មិន​អត់ធន់​)​ ​ប្រទូស្ត​រាយ​ព្រោះ​ជម្ងឺ​ ​ដែល​ពួក​ចោរ​អារ​នោះ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មិន​ធ្វើតាម​ពាក្យ​ប្រដៅ​ ​របស់​តថាគត​ ​ដោយហេតុ​ដែល​មិន​អត់ធន់​នោះ​។​ ​ភិក្ខុ​នោះ​គិតថា​ ​សេចក្តី​ព្យាយា​ ​ដែល​អាត្មាអញ​ប្រារព្ធ​ហើយ​ ​មិន​ធូរ​ថយ​ឡើយ​ ​សតិ​ដែល​អាត្មាអញ​តាំង​ខ្ជាប់​ហើយ​ ​មិន​ភ្លាំងភ្លាត់​ឡើយ​ ​កាយ​ដែល​ស្ងប់ស្ងាត់​ហើយ​ ​មិន​រសាប់រសល់​ឡើយ
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636822568317332767
ទៅកាន់ទំព័រ៖