ព្រះត្រៃបិដក ភាគ ២១
គ្រានោះ មានភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានបុណ្យ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន មោលិយផគ្គុនមានអាយុ នៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីហួសវេលា បពិត្រព្រះអង្គដ៏ចម្រើន មោលិយផគ្គុនមានអាយុ តែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីយ៉ាងនេះ បើមានភិក្ខុណាមួយ ពោលទោសភិក្ខុនីទាំងនោះ ក្នុងទីចំពោះមុខមោលិយផគ្គុនមានអាយុ មោលិយផគ្គុនមានអាយុ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយហេតុនោះផង បើមានភិក្ខុណាមួយ ពោលទោសមោលិយផគ្គុនមានអាយុ ក្នុងទីចំពោះមុខភិក្ខុនីទាំងនោះ ភិក្ខុនីទាំងអម្បាលនោះ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយហេតុនោះផង បពិត្រព្រះអង្គដ៏ចម្រើន មោលិយផគ្គុនមានអាយុ តែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីយ៉ាងនេះឯង។
ID: 636822508371654070
ទៅកាន់ទំព័រ៖