ព្រះត្រៃបិដក ភាគ ២១
ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើនោះ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ សេចក្តីនេះឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យ ដូចជាកុលបុត្រពួកខ្លះ ក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញ នឹងជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ ក៏មានសេចក្តីពេញចិត្ត មានតម្រិះ ដ៏បរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះថា អាត្មាអញ ជាអ្នកមានលាភសក្ការៈ និងសេចក្តីសរសើរ ចំណែកភិក្ខុទាំងឡាយដទៃនេះ ជាអ្នកមិនមានកេរ្តិ៍ឈ្មោះយសស័ក្តិ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។
ID: 636822573732692508
ទៅកាន់ទំព័រ៖