ព្រះត្រៃបិដក ភាគ ២១

កុលបុត្រ​នោះ​ ​មិន​មាន​សេចក្តី​ពេញចិត្ត​ ​មិន​មានតម្រិះ​បរិបូណ៌​ ​ដោយ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ឡើយ​។​ ​កុលបុត្រ​នោះ​ ​មិនបាន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិនបាន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ទេ​។​ ​កុលបុត្រ​នោះ​ ​មិន​ស្រវឹង​ ​មិន​វង្វេង​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​រមែង​បាន​នូវ​សីលសម្បទា​។​ ​កុលបុត្រ​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយ​សីលសម្បទា​នោះ​ ​តែថា​មិន​មានតម្រិះ​បរិបូណ៌​ទេ​។​ ​កុលបុត្រ​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សីលសម្បទា​នោះ​ឡើយ​។​ ​កុលបុត្រ​នោះ​ ​មិន​ស្រវឹង​ ​មិន​វង្វេង​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​សីលសម្បទា​នោះ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​រមែង​បាន​នូវ​សមាធិ​សម្បទា​។​ ​កុលបុត្រ​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​មានតម្រិះ​បរិបូណ៌​ ​ដោយ​សមាធិ​សម្បទា​នោះ​។​ ​កុលបុត្រ​នោះ​ ​លើ​ក​តំ​កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សមាធិ​សម្បទា​នោះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​ចិត្ត​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ប្រព្រឹត្តទៅ​ ​ក្នុង​អារម្មណ៍​តែមួយ​ ​ចំណែក​ភិក្ខុ​ទាំង​ឡាយ​ដទៃ​ៗ​នេះ​ ​មិន​មានចិត្ត​ខ្ជាប់ខ្ជួន​ ​មានចិត្ត​វិល​ផ្សេង​ៗ​។​ ​កុលបុត្រ​នោះ​ ​តែង​ស្រវឹង​ ​វង្វេង​ ​ដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​សមាធិ​សម្បទា​នោះ​ ​លុះ​ប្រមាទ​ហើយ​ ​រមែង​នៅជា​ទុក្ខ​។​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636822574961402786
ទៅកាន់ទំព័រ៖