ព្រះត្រៃបិដក ភាគ ២១
ម្នាលភិក្ខុទាំងឡាយ ដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម រំលងស្រាយ ហើយស្ទោះ យកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ ឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក ស្លឹកទេតើ ព្រោះហេតុនោះ បុរសដ៏ចម្រើននេះ អ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម រំលងស្រាយ ហើយស្ទោះ យកតែសំបកមកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារសំខាន់ណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើនោះ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ (សេចក្តីនេះ ឧបមាយ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចកុលបុត្រពួកខ្លះ ក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎
ID: 636822575182955458
ទៅកាន់ទំព័រ៖