ព្រះត្រៃបិដក ភាគ ២១
ចូឡសារោបមសូត្រ ទី១០
[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រាហ្មណ៍ឈ្មោះបិង្គលកោច្ឆៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះមានព្រះភាគ ហើយបញ្ចប់ពាក្យ ដែលគួរឲ្យកើតសេចក្តីរីករាយ គួរជាទីរឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍ឈ្មោះបិង្គលកោច្ឆៈ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន សមណព្រាហ្មណ៍ទាំងឡាយណា មានពួក មានគណៈ ជាអាចារ្យនៃគណៈ មានកេរ្តិ៍ឈ្មោះយសស័ក្តិ ធ្វើលទ្ធិដូចជាកំពង់ ជនច្រើននាក់ បានសន្មតថា ជាមនុស្សត្រឹមត្រូវ គឺបូរណកស្សប១ មក្ខលិគោសាល១ អជិតកេសកម្ពល១ បកុធកច្ចាយនៈ១ សញ្ជយវេលដ្ឋបុត្ត១ និគន្ថនាដបុត្ត១ សមណព្រាហ្មណ៍ទាំងអស់នោះ បានត្រាស់ដឹង ដូចពាក្យប្តេជ្ញារបស់ខ្លួន ឬមិនបានត្រាស់ដឹងទាំងអស់គ្នាទេ ឬថាត្រាស់ដឹងខ្លះ
ID: 636822578419340569
ទៅកាន់ទំព័រ៖