ព្រះត្រៃបិដក ភាគ ២១
ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសីលសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសីលសម្បទានោះ។ បុគ្គលនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះថា អាត្មាអញ ជាអ្នកមានសីល មានធម៌ល្អ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសីលសម្បទា បុគ្គលនោះ មិនញ៉ាំងឆន្ទះឲ្យកើត មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិរួញរា ប្រព្រឹត្តិធូរថយផង។ ម្នាលព្រាហ្មណ៍ ដូចជាបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)ក៏រំលងខ្លឹម ស្រាយ សំបក ហើយកែះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះថា ដូចជាបុរសនោះដែរ។
ID: 636822580417104835
ទៅកាន់ទំព័រ៖