ព្រះត្រៃបិដក ភាគ ២១
ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសមាធិសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសមាធិសម្បទានោះ ។ បុគ្គលនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះថា អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួន មានចិត្តប្រព្រឹត្តទៅ ក្នុងអារម្មណ៍តែមួយ ឯភិក្ខុទាំងឡាយដទៃៗនោះ មិនមានចិត្តខ្ជាប់ខ្ជួន មានចិត្តវិលផ្សេងៗ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសមាធិសម្បទា បុគ្គលនោះ មិនញ៉ាំងឆន្ទះឲ្យកើត មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិរួញរា ប្រព្រឹត្តិធូរថយផង។ ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើនោះ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)ក៏រំលងខ្លឹម ស្រាយ ហើយស្ទោះយកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះថា ដូចជាបុរសនោះដែរ។
ID: 636822580963266073
ទៅកាន់ទំព័រ៖