ព្រះត្រៃបិដក ភាគ ២១
ឃើញ (រូបល្អិត)។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ បុគ្គលនោះ មិនញ៉ាំងឆន្ទះឲ្យកើត មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិ រួញរា ប្រព្រឹត្តិធូរថយផង។ ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើនោះ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)ក៏រំលងខ្លឹម ហើយចាំងយកតែស្រាយមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះថា ដូចជាបុរសនោះដែរ។
[៩៧] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួចយ៉ាងនេះហើយ តែងញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើត។
ID: 636822581859327325
ទៅកាន់ទំព័រ៖