ព្រះត្រៃបិដក ភាគ ២១

ចូល​ទៅ​រក​អរិ​ដ្ឋ​ភិក្ខុ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សួរ​ដំណើ​នុ៎ះ​ ​នឹង​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ ​ជា​អ្នកសម្លាប់​ត្មាត​ថា​ ​ម្នាល​អាវុសោ​អរិ​ដ្ឋ​ ​បានឮ​ថា​អ្នកមាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​កើតឡើង​ថា​ ​អាត្មាអញ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ហើយ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​គួរ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​ទេ​ ​មែន​ឬ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ហើយ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​គួរ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ទេ​ ​យ៉ាងហ្នឹង​មែន​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​មានប្រាថ្នា​ដើម្បី​ធ្វើ​អរិ​ដ្ឋ​ភិក្ខុ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​ឲ្យ​បែរ​ចាក​ទិដ្ឋិ​អាក្រក់​នោះ​ ​ក៏​សាកសួរ​ដេញដោល​ ​សួររក​ហេតុ​ថា​ ​នែ​អាវុសោ​អរិ​ដ្ឋ​ ​អ្នក​កុំ​ពោល​យ៉ាងហ្នឹង​ឡើយ​ ​អ្នក​កុំ​ពោល​បង្កាច់​ព្រះមានព្រះភាគ​ឡើយ​ ​ការ​ពោល​បង្កាច់​ព្រះមានព្រះភាគ​មិនល្អ​ទេ​ ​ព្រោះថា​ព្រះមានព្រះភាគ​មិនបាន​ត្រាស់​យ៉ាងហ្នឹង​ឡើយ​ ​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636822514656383536
ទៅកាន់ទំព័រ៖