ព្រះត្រៃបិដក ភាគ ២១

នែ​អាវុសោ​អរិ​ដ្ឋ​ ​ធម៌​ទាំងឡាយ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​មែន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នោះ​មាន​ច្រើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​រាង​ឆ្អឹង​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​ ​មាន​ច្រើនក្រៃ​លែង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​ដុំ​សាច់​.​.​.​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​គប់​ស្មៅ​.​.​.​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​រណ្តៅ​រងើកភ្លើង​.​.​.​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​ការយល់​សុប្តិ​.​.​.​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​របស់​ខ្ចីគេ​.​.​.​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​ផ្លែឈើ​.​.​.​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដូច​កាំបិត​ ​និង​ជ្រុញ​.​.​.​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​លំពែង​ ​និង​ដែក​ស្រួច​.​.​.​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636822514868445666
ទៅកាន់ទំព័រ៖