ព្រះត្រៃបិដក ភាគ ២១
លើកទោសគេផង ដោយមានបំណងតែខាងដោះស្រាយ នូវវាទៈ ដូច្នេះ ដូច្នោះផង កុលបុត្រទាំងឡាយរៀនធម៌ ដើម្បីប្រយោជន៍ណា ពួកមោឃបុរសនោះ ក៏មិនបាននូវប្រយោជន៍នោះ របស់ធម៌នោះឡើយ ធម៌ទាំងឡាយនោះ ដែលមោឃបុរសទាំងនោះ រៀនមិនល្អហើយ ក៏ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម៌ទាំងឡាយ ដែលមោឃបុរសរៀនមិនល្អហើយ យ៉ាងនេះឯង។
[១៧] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះរៀនធម៌គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ កុលបុត្រទាំងនោះ លុះរៀនធម៌នោះហើយ ក៏ពិចារណា នូវសេចក្តីនៃធម៌ទាំងឡាយនោះ ដោយប្រាជ្ញា ធម៌ទាំងនោះ លុះកុលបុត្រទាំងនោះ ពិចារណា នូវសេចក្តីដោយប្រាជ្ញាហើយ ក៏ប្រាកដច្បាស់ក្នុងចិត្ត កុលបុត្រទាំងនោះ មិនមែនរៀនធម៌ ដោយមានបំណងតែខាងលើកទោសគេផង មិនមែនរៀនធម៌ដោយមានបំណងតែខាងដោះស្រាយវាទៈដូច្នេះ ដូច្នោះផង កុលបុត្រឯទៀតរៀនធម៌ ដើម្បីប្រយោជន៍ណា កុលបុត្រទាំងនោះ ក៏បាននូវប្រយោជន៍នោះ របស់ធម៌នោះ
ID: 636822518800440563
ទៅកាន់ទំព័រ៖