ព្រះត្រៃបិដក ភាគ ២១
ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន ដុំសាច់ ។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ អ្នកចូរលើកដុំសាច់ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញនាគ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន នាគ។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា នាគទុកឲ្យនៅចុះ អ្នកកុំបៀតបៀននាគឡើយ អ្នកចូរថ្វាយបង្គំនាគចុះ។ នែភិក្ខុ លោកចូរនាំយកប្រស្នាទាំង១៥នេះ ទៅក្រាបទូលសួរព្រះមានព្រះភាគ ព្រះមានព្រះភាគ ទ្រង់ព្យាករប្រាប់លោក យ៉ាងណា លោកត្រូវកំណត់ចាំទុកនូវសេចក្តីនោះ យ៉ាងនោះ។ នែភិក្ខុ ក្នុងលោក ព្រមទាំងទេវតា ព្រមទាំងមារ ព្រមទាំងព្រហ្ម ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស យើងមិនដែលឃើញអ្នកណាមួយ ឆ្លើយប្រស្នាទាំងនេះត្រូវចិត្តបានឡើយ វៀរលែងតែព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត ឬក៏អ្នកដែលស្តាប់ អំពីសំណាក់ នៃព្រះតថាគតនេះ។ ទេវតានោះ បានពោលនូវពាក្យនេះ លុះពោលនូវពាក្យនេះហើយ ក៏បាត់អំពីទីនោះទៅ។
ID: 636822528101302542
ទៅកាន់ទំព័រ៖